Follow Us on Facebook

វចនានុក្រមខ្មែរ​
Khmer Dictionaries

Follow us on Twitter

Google+

Search More Information

Thursday, September 20, 2012

ការ​ដេក​ស្រមុក


2012-09-19
អ្នក​ដេក​ស្រមុក ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ជាង ១០០ លាន​នាក់ នៅ​ប្រទេស​ធំៗ ដែល​មាន​ចំនួន​ពលរដ្ឋ​ច្រើន។
គ្រូ​ពេទ្យ​ជំនាញ​ខាង​ច្រមុះ បំពង់​ក និង​ត្រចៀក បាន​ឱ្យ​ដឹង​ថា ការ​ស្រមុក គឺ​ជា​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ចំពោះ​សុខភាព។
ស្រមុក គឺ​ជា​បញ្ហា​មួយ ដែល​កើត​ឡើង​ចំពោះ​មនុស្ស​ទូទៅ និង​គ្រប់​ជាតិសាសន៍ នៅ​លើ​ពិភព​លោក​យើង​នេះ។ មាន​គូ​ស្រក​ខ្លះ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​លែងលះ​គ្នា​ព្រោះ​តែ​បញ្ហា​ស្រមុក​ខ្លាំង​ពេក។ ឯកសារ​ខ្លះ​សរសេរ​ថា បញ្ហា​ស្រមុក​ជា​មូលហេតុ​ទី ៣ ធ្វើ​ឱ្យ​ប្ដី​ប្រពន្ធ​លែង​លះ​គ្នា បន្ទាប់​ពី​រឿង​លុយ​កាក់ និង​ការ​ក្បត់​ចិត្ត។
នៅ​ក្នុង​ឯកសារ​ពេទ្យ​មួយ ឈ្មោះ វ៉ឹប អឹមឌី (WebMD) បាន​សរសេរ​ថា បញ្ហា​ស្រមុក ប៉ះពាល់​មនុស្ស​គ្រប់​វ័យ ហើយ​ច្រើន​កើត​មាន​ចំពោះ​មនុស្ស​ប្រុស និង​មនុស្ស​ដែល​ធាត់។ ការ​ស្រមុក កាន់​តែ​ធ្ងន់ធ្ងរ នៅ​ពេល​អ្នក​ស្រមុក​មាន​អាយុ​កាន់​ចាស់។ ការ​ស្ទាបស្ទង់​មួយ បង្ហាញ​ថា ក្នុង​ចំណោម​មនុស្ស ១០០ នាក់ មាន​មនុស្ស​ចំនួន ២៥ នាក់ ដេក​ស្រមុក​ម្ដង​ម្កាល ហើយ​មនុស្ស ២៥ នាក់​ទៀត ដេក​ស្រមុក​ជា​ប្រចាំ។
រី​ឯ​ឯកសារ​មួយ​ទៀត ឈ្មោះ មេឌីស៊ីន ណិត (MedicineNet) បង្ហាញ​ការ​ស្ទាបស្ទង់​មួយ​ទៀត​ថា ក្នុង​ចំណោម​បុរស និង​នារី ១០០ នាក់ មាន​បុរស​ចំនួន ៤៥ នាក់ និង​ស្ត្រី​មាន​ចំនួន ៣០ នាក់ ដេក​ស្រមុក​ជា​ប្រចាំ។
មូលហេតុ៖
ស្រមុក គឺ​ជា​សំឡេង​លាន់​ឮ​ចេញ​ពី​បំពង់​ក តាម​ការ​ដក​ដង្ហើម​ចេញចូល ក្នុង​អំឡុង​ពេល ដែល​មនុស្ស​ណា​ម្នាក់​កំពុង​សម្រាន្ត​លង់​លក់។ សំឡេង​ស្រមុក​ខ្លះ ឮ​នៅ​នឹង​មាត់ និង​ខ្លះ​ទៀត ឮ​នៅ​នឹង​ច្រមុះ។
ក៏​ប៉ុន្តែ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ត្រចៀក បំពង់​ក ច្រមុះ នៃ​មន្ទីរ​ពហុ​ព្យាបាល អូរ៉រ (Polyclinique AURORE) លោក វេជ្ជបណ្ឌិត ង៉ាន់ សុភាន បាន​ឱ្យ​ដឹង​ថា បញ្ហា​ស្រមុក គឺ​កើត​ឡើង​ដោយសារ​តែ​ការ​ចង្អៀត​ផ្លូវ​ខ្យល់​ដង្ហើម​នៅ​ម្ដុំ​បំពង់​ក។
សំឡេង៖ «
ការ​ចង្អៀត​ផ្លូវ​ខ្យល់​ដង្ហើម​នៅ​ម្ដុំ​បំពង់​ក ព្រោះ​តែ​រចនាសម្ព័ន្ធ​សាច់​នៅ​ត្រង់​នេះ​យារ​ធ្លាក់​ខ្លាំង​ខុស​ធម្មតា ទៅ​ផ្ទប់​នឹង​ជញ្ជាំង​បំពង់​ក ដែល​នាំ​ឱ្យ​បិទ​ផ្លូវ​ដង្ហើម​ពេល​យើង​ដេក​ផ្ងា។ ដូច្នេះ នៅ​ពេល​ខ្យល់​ដង្ហើម​ចេញ និង​ចូល​ឆ្លង​កាត់​ផ្លូវ​ចង្អៀត​នោះ​ម្ដងៗ ធ្វើ​ឱ្យ​សាច់​យារ​ទាំង​នោះ​ញ័រ ហើយ​កើត​ជា​សំឡេង​ស្រមុក។
របាយការណ៍​របស់​ឯកសារ​ឈ្មោះ មេឌីស៊ីន ណិត បាន​បង្ហាញ​ដែរ​ថា អ្នក​ដែល​មិន​មាន​ស្រមុក​ជា​ប្រចាំ ក៏​អាច​មាន​ស្រមុក​បាន​ដែរ នៅ​ពេល​ដែល​អ្នក​មាន​ជំងឺ​នៅ​ផ្លូវ​ដង្ហើម​ខាង​លើ អ្នក​ទទួល​ទាន​ស្រា និង​អ្នក​លេប​ថ្នាំ​ប្រភេទ​ខ្លះ។
កត្តា​គ្រោះថ្នាក់​នៃ​បញ្ហា​ស្រមុក​ចំពោះ​សុខភាព៖
ការ​ស្រមុក ជា​ទូទៅ​យើង​មិន​បាន​គិត​ថា មាន​បញ្ហា​អ្វី​ដល់​សុខភាព​ទេ។ ផ្ទុយ​ទៅ​វិញ កាល​ណា​មនុស្ស​ណា​ម្នាក់​សម្រាន្ត​លក់​ស្រួល ហើយ​មាន​ស្រមុក​ផង​នោះ មនុស្ស​ភាគ​ច្រើន​យល់​ថា អ្នក​នោះ​មាន​សុខភាព​ល្អ។
ក៏​ប៉ុន្តែ លោក​វេជ្ជបណ្ឌិត ង៉ាន់ សុភាន ទាញ​ការ​ចាប់​អារម្មណ៍​ខ្លះៗ ថា ការ​ស្រមុក​ជា​ប្រចាំ បណ្ដាល​ឱ្យ​មាន​បញ្ហា​រំខាន​ដល់​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ ប៉ះពាល់​ដល់​សុខភាព ហើយ​ក៏​អាច​មាន​កត្តា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៀត​ផង។ បញ្ហា​រំខាន​ទាំង​នោះ សំខាន់​គឺ​ធ្វើ​ឱ្យ​ងោកងុយ និង​អារម្មណ៍​មិន​ភ្លឺ​ស្វាង។
សំឡេង៖ «
រី​ឯ​កត្តា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ គឺ​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​បេះដូង និង​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល។ ជា​ពិសេស អ្នក​ស្រមុក​ដែល​ធាត់​ខ្លាំង ហើយ​ឧស្សាហ៍​ដាច់​ដង្ហើម​ម្ដងៗ ពេល​សម្រាន្ត។
សំឡេង៖
ការ​ព្យាបាល៖
លោក​វេជ្ជបណ្ឌិត ង៉ាន់ សុភាន គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ត្រចៀក បំពង់​ក ច្រមុះ នៃ​មន្ទីរ​ពហុ​ព្យាបាល អូរ៉រ (Polyclinique AURORE) មាន​ប្រសាសន៍​ថា មិន​មាន​ថ្នាំ​ដែល​អាច​ជួយ​ព្យាបាល​ឱ្យ​បាត់​ស្រមុក​ដោយ​ប្រសិទ្ធភាព​ទេ។ មាន​ម៉ាស៊ីន​ម្យ៉ាង ឈ្មោះ​ស៊ីប៉ាប់ (CPAP) អាច​ជួយ​បើក​ឱ្យ​ផ្លូវ​ខ្យល់​ដក​ដង្ហើម​ចេញចូល​ស្រួល​ លែង​ស្រមុក​ដែរ។
សំឡេង៖
មាន​ឧបករណ៍​ជា​ច្រើន​ទៀត ត្រូវ​បាន​គេ​បង្កើត​ឡើង​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ស្រមុក​នេះ។ ក៏​ប៉ុន្តែ លោក​វេជ្ជបណ្ឌិត​ថ្លែង​ថា នៅ​ប្រទេស​កម្ពុជា​មិន​មាន​ម៉ាស៊ីន​នេះ​ទេ គឺ​មាន​នៅ​សហរដ្ឋ​អាមេរិក និង​អាល្លឺម៉ង់។
ក្រៅ​ពី​ការ​ប្រើ​ម៉ាស៊ីន​ដើម្បី​ជួយ​សម្រួល​ផ្លូវ​ខ្យល់​ដង្ហើម​នេះ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ការ​វះ​កាត់​ម្ដុំ​បំពង់​ក​ផ្នែក​ខាង​លើ អាច​ជួយ​ឱ្យ​បាត់​ស្រមុក​បាន។
សំឡេង៖ «
វិធី​បង្ការ​ការ​ស្រមុក៖
ជា​ការ​ព្យាបាល​ផង និង​ដើម្បី​បង្ការ ឬ​កាត់​បន្ថយ​ការ​ស្រមុក​ផង គ្រូពេទ្យ​ណែនាំ​ឱ្យ​អនុវត្ត​នូវ​វិធី​មួយ​ចំនួន​ដូច​តទៅ​នេះ៖ គឺ​ត្រូវ​សម្រក​ទម្ងន់ និង​កែ​ទម្លាប់​ទទួល​ទាន​អាហារ, ចៀសវាង​ការ​លេប​ថ្នាំ​ងងុយ​ដេក, ចៀសវាង​ការ​ទទួល​ទាន​ស្រា ពី​ព្រោះ​របស់​ទាំង​ពីរ​យ៉ាង​នេះ ធ្វើ​ឱ្យ​សណ្ដំ​លង់លក់​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សាច់ដុំ​នៅ​បំពង់​ក​លែង​ប្រឹង និង​ធ្វើ​ឱ្យ​យារ​បិទ​ផ្លូវ​ខ្យល់។ គួរ​ចៀសវាង​ការ​ទទួលទាន​អាហារ​ច្រើន​មុន​ពេល​ចូល​ដំណេក, គួរ​ចូល​ដំណេក​ទៀង​ម៉ោង​រៀង​រាល់​យប់, ចៀសវាង​ការ​សម្រាន្ត​ផ្ងា ហើយ​គួរ​សម្រាន្ត​ផ្អៀង​វិញ និង​កល់​ក្បាល​ឱ្យ​ខ្ពស់​ជាង​ដង​ខ្លួន។
ប្រសិន​បើ​វិធី​ទាំង​នេះ មិន​បាន​ផល​ទេ គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ត្រចៀក បំពង់​ក ច្រមុះ ដើម្បី​ពិគ្រោះ​អំពី​ជម្រើស​នៃ​ការ​ព្យាបាល​ផ្សេងៗ ទៀត៕

0 comments :

Post a Comment

Like Me on Facebook

Donation by PayPal

Blog Archive

Loading...