Follow Us on Facebook

វចនានុក្រមខ្មែរ​
Khmer Dictionaries

Follow us on Twitter

Google+

Search More Information

Tuesday, September 25, 2012

ព្រូន​ថ្លើម​នៅ​ក្នុង​សាច់​ត្រី​ឆៅ


2012-03-01
ព្រូន​ថ្លើម​ជា​ប្រភេទ​សត្វ​ល្អិត​ម្យ៉ាង ដែល​រស់​នៅ​ពឹង​ផ្អែក​លើ​មនុស្ស ឬ​សត្វ​ដទៃ​មួយ​ចំនួន ដូច​គ្នា​នឹង​ព្រូន​ប្រភេទ​ដទៃ​ទៀត​ដែរ។
ស្តាប់សំឡេង
ថតសំឡេង

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល​កម្ពុជា គឺ​លោក​វេជ្ជបណ្ឌិត ច ម៉េង​ជួរ ពន្យល់​ថា ព្រូន​ថ្លើម​នេះ ជា​ពួក​ព្រូន​សំប៉ែត​ម្យ៉ាង ដែល​ចូល​ទៅ​រស់​នៅ​ក្នុង​ថ្លើម​របស់​មនុស្ស បន្ទាប់​ពី​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន។
​វេជ្ជបណ្ឌិត ច ម៉េង​ជួរ៖ «ជា​សត្វ​ម្យ៉ាង បើ​នៅ​ក្នុង​ខ្លួន​មនុស្ស វា​ញាស់​ទៅ​ប្រវែង​ប្រហែល ១២ មិល្លីម៉ែត្រ។ វា​អាច​នៅ​ក្នុង​ថ្លើម ១០ ទៅ ២០ ឆ្នាំ នៅ​ក្នុង​ទឹក​ប្រមាត់ ហើយ​ពង​មួយ​បាន​តែ​មួយ។ អត់​បាន​ទៅ​កើត​ធំ​រីក​បាន​ព្រូន​ច្រើន​ទេ ព្រោះ​ពង​វា​ទាល់​តែ​ធ្លាក់​ទៅ​ទឹក​ចូល​ទៅ​ក្នុង​ខ្យង​ទៀត ទើប​ទៅ​ជា​សត្វ​បាន»។
អ្នក​វិទ្យាសាស្ត្រ​បាន​ហៅ​ពួក​ព្រូន​សំប៉ែត​ដែល​នៅ​ក្នុង​ថ្លើម​នេះ ជា​ភាសា​អង់គ្លេស​ថា លីវើរ ហ៊្វ្លុក (Liver Fluke)។
លោក​វេជ្ជបណ្ឌិត ច ម៉េង​ជួរ ​មាន​ប្រសាសន៍​ថា ប្រភព និង​ការ​ចម្រើន​លូតលាស់​របស់​ព្រូន​នេះ គឺ​វិល​ចុះ​វិល​ឡើង​ជា​ដំណាក់​កាល រវាង​មនុស្ស សត្វ​ខ្យង និង​ត្រី។
​វេជ្ជបណ្ឌិត ច ម៉េង​ជួរ៖ «ព្រូន​ថ្លើម​នេះ កាល​ណា​វា​នៅ​ក្នុង​ថ្លើម​ហើយ គេ​ហៅ​ថា​ជា​សត្វ​ខ្ទើយ។ សត្វ​ខ្ទើយ វា​អត់​មាន​ញី ឬ​ឈ្មោល​ទេ។ វា​ចុះ​តាម​លាមក។ បើ​លាមក​បត់​ជើង​ផ្ដេសផ្ដាស​ទៅ វា​ចូល​ក្នុង​ទឹក ហើយ​វា​ញាស់ៗ ហើយ​វា​ហែល​ទៅ​នៅ​ក្នុង​ខ្យង។ នៅ​ក្នុង​ខ្យង​ហើយ​វា​បំផ្លែង​ខ្លួន​ទៅ​ប៉ុន្មាន​មុខ ឬ​ដំណាក់ បាន​ចេញ​ជា​សត្វ​តូច​ហែល​ក្នុង​ទឹក ហើយ​បាន​វា​ឆ្លង​ស្បែក​ត្រី ទៅ​នៅ​ក្នុង​ត្រី។ ពេល​នៅ​ក្នុង​សាច់​ត្រី ហ្នឹង​វា​ក្រាំង​ គឺ​អត់​ធ្វើ​ចលនា​អី​ទាំង​អស់»។
ចំពោះ​មនុស្ស​យើង​ដែល​អាច​ឆ្លង​ព្រូន​នេះ​បាន គឺ​ដោយសារ​ការ​ទទួល​ទាន​ត្រី​ឆៅ ឬ​ចម្អិន​មិន​បាន​ល្អ ដែល​មាន​ពង​ព្រូន​នៅ​ក្នុង​សាច់ ឬ​ស្បែក​ត្រី​នោះ។
​វេជ្ជបណ្ឌិត ច ម៉េង​ជួរ៖ «មនុស្ស​អ្នក​បត់​ជើង ហើយ​អ្នក​ហូប​សាច់​ត្រី​ឆៅ។ បើ​គាត់​កុំ​ហូប​សាច់​ត្រី​ឆៅ គាត់​អត់​មាន​ព្រូន​ហ្នឹង​ទេ»។
មាន​សេចក្ដី​រាយការណ៍​មួយ​ចំនួន​បាន​សរសេរ​ថា ការ​ទទួល​ទាន​ត្រី​ទឹកសាប​ចំនួន ៧ ប្រភេទ នៅ​ប្រទេស​កម្ពុជា អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ​មហារីក​ថ្លើម ដោយសារ​តែ​ត្រី​ទាំង​នោះ​មាន​ពង​ព្រូន​ថ្លើម។
ក៏​ប៉ុន្តែ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល​កម្ពុជា គឺ​លោក​វេជ្ជបណ្ឌិត ច ម៉េង​ជួរ ថ្លែង​ថា នៅ​មិន​ទាន់​មាន​លទ្ធផល​ពី​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ។
បើ​ទោះ​ដូច្នេះ​ក្ដី លោក​បញ្ជាក់​ថា ពិត​ជា​មាន​ការ​សិក្សា ដើម្បី​ចង់​ដឹង​អំពី​ផល​ប៉ះពាល់​របស់​ព្រូន​នេះ​មែន ដោយសារ​តែ​ព្រូន​ប្រភេទ​នេះ​អាច​រស់នៅ​បាន​យូរ​ឆ្នាំ​នៅ​ក្នុង​ថ្លើម។
​វេជ្ជបណ្ឌិត ច ម៉េង​ជួរ៖ «យើង​កំពុង​ចាប់​ផ្ដើម​ស្រាវជ្រាវ​ថា តើ​វា​អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ត្រូវ​កើត​មហារីក ឬ​យ៉ាង​ណា? នេះ​ជា​សារ​សំខាន់។ យើង​ចាប់​ផ្ដើម​ស្រាវជ្រាវ​ថា តើ​បើ​វា​នៅ​យូរ​អ៊ីចឹង​យើង​អាច​កើត​មហារីក ឬ​ក៏​អត់។ ជា​ធម្មតា​វា​អាច​នៅ ១០ ទៅ ២០ ឆ្នាំ។ វា​មាន​លទ្ធភាព​តិច​ណាស់ ដែល​កើត​ទៅ​ជា​ជំងឺ​មហារីក។ ក៏​ប៉ុន្តែ​យើង​សិក្សា យើង​ប្រយ័ត្ន ជាជាង​គាត់​កើត​ហើយ បាន​យើង​និយាយ»។
លោក​វេជ្ជបណ្ឌិត​បន្ត​ថា ថ្វី​បើ​វា​អាច​រស់​នៅ​ក្នុង​ថ្លើម​បាន​យូរ​ក្ដី ជួន​កាល​ក៏​មិន​បង្ក​បញ្ហា​អ្វី​ដែរ។
ឯកសារ​ពេទ្យ​បាន​បង្ហាញ​ថា បញ្ហា​ឆ្លង​ព្រូន​ថ្លើម​នេះ ច្រើន​កើត​មាន​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក, អាស៊ី, អាមេរិក​ខាង​ត្បូង ដែល​សម្បូរ​ដោយ​ខ្យង​ទឹកសាប និង​ក្នុង​ប្រទេស​ដែល​មិន​មាន​អនាម័យ​ល្អ។
លោក​វេជ្ជបណ្ឌិត ច ម៉េងជួរ មាន​ប្រសាសន៍​ថា ការ​សិក្សា​បាន​រក​ឃើញ​ថា ត្រី​ខ្លះ​មាន​ពង​ព្រូន។ ក៏​ប៉ុន្តែ មិន​មែន​ត្រី​ទាំង​អស់​ទេ។ បើ​ទោះ​ជា​យើង​ទទួលទាន​ត្រី ដែល​មាន​ពង​ព្រូន​នេះ​ចូល​ទៅ​ក្នុង​ខ្លួន​ក៏​ដោយ ក៏​មិន​មែន​បាន​សេចក្ដី​ថា សុទ្ធ​តែ​អាច​នាំ​ឱ្យ​មាន​ជំងឺ​មហារីក​ថ្លើម​ទាំង​អស់​ដែរ។ មាន​ករណី​តិចតួច​ណាស់ ដែល​ថា​ព្រូន​ថ្លើម​អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ​មហារីក​ថ្លើម​បាន។
ទាក់ទង​នឹង​ការ​ព្យាបាល​វិញ លោក​វេជ្ជបណ្ឌិត​ថ្លែង​ថា មិន​លំបាក​ទេ ព្រោះ​វា​អាច​ងាប់​ដោយ​សារ​ការ​លេប​ថ្នាំ​សម្លាប់​ព្រូន​ធម្មតា​ដែរ។
​វេជ្ជបណ្ឌិត ច ម៉េង​ជួរ៖ «ព្រូន​នេះ​បើ​ទោះ​ជា​នៅ​ក្នុង​ថ្លើម​ក៏ដោយ ក៏​វា​ហុយ​ងាយ​ឆាប់​ស្លាប់​ណាស់ ហើយ​ថ្នាំ​ព្យាបាល​វា​ថោក​ទេ គឺ​ប្រហែល ២ ដុល្លារ។ នៅ​កន្លែង​ណា​ក៏​មាន​លក់​ដែរ។ បញ្ហា​ហ្នឹង​មិន​ធ្ងន់ធ្ងរ​អី​ទេ។ គ្រាន់​តែ​យើង​លេប​ថ្នាំ​ព្រូន​ផ្សេង ព្រូន​ថ្លើម​ហ្នឹង​វា​ស្លាប់​ទៅ​ឯង។ ថ្នាំ​ហ្នឹង​អត់​មាន​គ្រោះ​ថ្នាក់​សោះ។ លើកលែង​តែ​អ្នក​មាន​ផ្ទៃពោះ យើង​ប្រយ័ត្ន»។
រី​ឯ​វិធី​បង្ការ​កុំ​ឱ្យ​ឆ្លង​ព្រូន​ថ្លើម​នេះ​បាន លោក​វេជ្ជបណ្ឌិត ច ម៉េងជួរ ណែនាំ​ថា ត្រូវ​ទទួល​ទាន​អាហារ ត្រី​សាច់​ណា ដែល​ចម្អិន​បាន​ឆ្អិន​ល្អ។
​វេជ្ជបណ្ឌិត ច ម៉េង​ជួរ៖ «វា​ឆាប់​ងាប់​ទេ។ គ្រាន់​តែ​អាំង​បន្តិច​ទៅ ឬ​ស្ងោ​បន្តិច​ទៅ​ងាប់​ហើយ​ពង​ព្រូន​ហ្នឹង​ អត់​មាន​ផល​ប៉ះពាល់​អី​ទាំង​អស់»។
ដូច្នេះ​លោក​វេជ្ជបណ្ឌិត​ផ្ដល់​ឱវាទ​ថា យើង​គប្បី​បន្ត​ទទួល​ទាន​ត្រី​ដដែល ព្រោះ​ត្រី​ជា​ប្រភព​អាហារ​ដ៏​ប្រសើរ​សម្រាប់​រាងកាយ​យើង​លូតលាស់។
​វេជ្ជបណ្ឌិត ច ម៉េង​ជួរ៖ «គិត​ពី​សុខភាព​ប្រជាជន យើង​ក៏​ស្រាវជ្រាវ​មើល​ថា តើ​ថ្ងៃ​ក្រោយ​វា​ទៅ​ជា​អី។ នៅ​ក្នុង​ការ​ស្រាវជ្រាវ​នៅ​ឡើយ​ទេ ហើយ​សុំ​ឱ្យ​ប្រជាជន​កុំ​ខ្លាច នៅ​តែ​ហូប​ដដែល​ទៅ។ អត់​មាន​ប៉ះពាល់​អី​ទេ សូម្បី​ព្រូន​ហ្នឹង​ក៏​ដោយ ឱ្យ​តែ​ចម្អិន។ ព្រោះ​ត្រី​មាន​ប្រូតេអ៊ីន វីតាមីន​ ដើម្បី​យើង​មាន​អាហារូបត្ថម្ភ​ល្អ ឆាប់​លូតលាស់​។ ស្ត្រី​មាន​ផ្ទៃ​ពោះ​មាន​សុខភាព​ល្អ កូន​បាន​សុខភាព​ល្អ​ក្នុង​ពោះ។ សំខាន់​ណាស់​យើង​មិន​អាច​ខាន​បាន​ទេ។ នៅ​ប្រទេស​កម្ពុជា​យើង​មាន​យុទ្ធនាការ​ចែក​ថ្នាំ​ព្រូន​មួយ​ឆ្នាំ​ពីរ​ដង។ ដូច្នេះ​វា​មាន​លទ្ធផល​តិច​ណាស់ ដែល​ឱ្យ​នៅ​ដល់​បួន​ដប់​ឆ្នាំ។ ព្រោះ ៦ ខែ ពិសេស​កុមារ​នៅ​ក្នុង​សាលា​រៀន​ហ្នឹង​យើង​ចែក​បាន ៩៥%។ អ៊ីចឹង​វា​មិន​អាច​ទេ»។​
ចំពោះ​ប្រហុក ដែល​ពលរដ្ឋ​ខ្មែរ​យើង​ខ្លះ​ចូល​ចិត្ត​ទទួល​ទាន​ឆៅ​ដែរ​នោះ ក៏​នៅ​មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ច្បាស់លាស់​ដែរ ថា​តើ​អាច​ឆ្លង​ព្រូន​ដែរ ឬ​ក៏​អត់។
បញ្ហា​ព្រូន​ថ្លើម​នេះ ត្រូវ​បាន​គេ​រក​ឃើញ​មាន​នៅ​លើ​ពលរដ្ឋ​ខ្មែរ ប្រមាណ ៣០ ឆ្នាំ​មក​ហើយ។ លោក​វេជ្ជបណ្ឌិត ច ម៉េងជួរ ឱ្យ​ដឹង​ថា ការ​សិក្សា​អំពី​ផល​វិបាក​នៃ​ព្រូន​នៅ​ក្នុង​ថ្លើម​នេះ គឺ​ត្រូវ​ប្រើ​រយៈ​ពេល ៥ ឆ្នាំ។ លទ្ធផល​ពី​ការ​ស្រាវ​ជ្រាវ​អំពី​ជំងឺ​មហារីក​ថ្លើម ដែល​បណ្ដាល​មក​ពី​ព្រូន​ថ្លើម​នេះ នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​នៅ​រយៈ​ពេល ២ ឆ្នាំ​ខាង​មុខ៕

0 comments :

Post a Comment

Like Me on Facebook

Donation by PayPal

Blog Archive

Loading...