Follow Us on Facebook

វចនានុក្រមខ្មែរ​
Khmer Dictionaries

Follow us on Twitter

Google+

Search More Information

Thursday, September 20, 2012

ជំងឺ​មហារីក​ក្រពះ

This link is sent to you from http://www.rfa.org

You are receiving this mail because someone read a page at
Radio Free Asia
and thought it might interest you.

It is sent by hengthona@yahoo.com with the following comment:
""

2012-09-13
ជំងឺ​មហារីក​ក្រពះ ជា​ជំងឺ​មួយ​ដែល​គ្រូពេទ្យ​ឱ្យ​ដឹង​ថា កើត​មាន​ច្រើន​នៅ​ទ្វីប​អាស៊ី។ នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​គ្រូពេទ្យ​ជំនាញ​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ វាយ​តម្លៃ​ថា ពលរដ្ឋ​ខ្មែរ​មាន​អត្រា​ជំងឺ​មហារីក​ក្រពះ ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​ខ្លួន។
គ្រូពេទ្យ​ជំនាញ​ឯកទេស​ខាង​ជំងឺ​ក្រពះ ពោះវៀន និង​ថ្លើម នៃ​មន្ទីរ​ពេទ្យ​ម៉ោនអេលីហ្សាបែត ណូវីណា (Mount Elizabeth Novena) ប្រទេស​សិង្ហបុរី លោក​វេជ្ជបណ្ឌិត យីម ហេងប៊ុន (Dr. Yim Heng Bun) មាន​ប្រសាសន៍​ថា ជំងឺ​មហារីក​ក្រពះ គឺ​និយាយ​សំដៅ​ជា​សំខាន់​ទៅ​រក​អាការៈ​ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ឈឺ ឬ​មិន​ស្រួល​ក្នុង​ពោះ​ផ្នែក​ខាង​លើ ត្រង់​ម្ដុំ​ចុង​ដង្ហើម ដែល​ជា​ទីតាំង​របស់​ក្រពះ ហើយ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ។
អាការៈ​នេះ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​អាការៈ​ឈឺ​ពោះ​ទូទៅ ដែល​បណ្ដាល​មក​ពី​បញ្ហា​សរីរាង្គ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ដទៃ​ទៀត​ដែរ។ ក៏​ប៉ុន្តែ សំខាន់ គឺ​នៅ​ទីតាំង​ពោះ​ផ្នែក​ខាង​លើ។
លោក​វេជ្ជបណ្ឌិត យីម ហេងប៊ុន ពន្យល់​ថា បញ្ហា​ឈឺ​ពោះ​ផ្នែក​ខាង​លើ​នេះ គឺ​មាន​កត្តា​ច្រើន​យ៉ាង។ ប៉ុន្តែ ជា​ទូទៅ គឺ​ជំងឺ​ដំបៅ​ក្រពះ ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ ហើយ​និង​មហារីក​ក្រពះ៖ «មួយ​ទៀត ដែល​យើង​មិន​សូវ​ចាប់​អារម្មណ៍ គឺ​ថ្នាំ។ អ្នក​ជំងឺ​មួយ​ចំនួន​ប្រើ​ថ្នាំ​ទៅ ថ្នាំ​នោះ​ធ្វើ​ឱ្យ​ឈឺ​ពោះ ដូច​ជា មេត្រូ (Metronidazole) ដែល​យើង​ដឹង​ហើយ ដាក់​ទៅ​ឈឺ​ពោះ។ ដូច្នេះ គាត់​ត្អូញ​ថា គាត់​រលាក​ក្រពះ​ហើយ។ ជួន​កាល​គាត់​អត់​ឈឺ​ពោះ គឺ​គាត់​ឈឺ​នៅ​សាច់​ដុំ​ពោះ»
ក្រៅ​ពី​បញ្ហា​ទាំង​នេះ ក៏​មាន​បញ្ហា​ទាក់ទង​នឹង​ពោះវៀន គ្រួស​ក្នុង​ថង់​ប្រមាត់ និង​បញ្ហា​ថ្លើម ហើយ​បញ្ហា​ក្រពះ​ដែល​ធ្ងន់ធ្ងរ​មួយ គឺ​ជំងឺ​មហារីក​ក្រពះ។
និយមន័យ៖
មហារីក​ក្រពះ​សំដៅ​ទៅ​រក​ដុំ​ដំបៅ ដែល​កើត​នៅ​នឹង​ជញ្ជាំង​ក្រពះ​ខាង​ក្នុង។ អត្រា​មហារីក​ក្រពះ នៅ​ប្រទេស​ក្នុង​ទ្វីប​អាស៊ី មាន​តួលេខ​ខ្ពស់​ខុសៗ​គ្នា ហើយ​ប្រទេស​ជប៉ុន ត្រូវ​បាន​គេ​កត់​ត្រា​ថា មាន​អត្រា​ខ្ពស់​ជាង​គេ។
លោក​វេជ្ជបណ្ឌិត យីម ហេងប៊ុន បង្ហាញ​ស្ថិតិ​ថា ប្រទេស​សិង្ហបុរី ជំងឺ​មហារីក​ក្រពះ ឈរ​ក្នុង​លំដាប់​ទី៥ ក្នុង​ចំណោម​ជំងឺ​មហារីក​ចំនួន១០ របស់​បុរស។ ម្យ៉ាង​ទៀត នៅ​គ្រប់​ប្រទេស​ទាំង​អស់ រួម​ទាំង​ប្រទេស​កម្ពុជា ផង បុរស​មាន​តួលេខ​ជំងឺ​មហារីក​ក្រពះ​ច្រើន​ជាង​ស្ត្រី។
មូលហេតុ​នៃ​មហារីក​ក្រពះ៖
លោក​វេជ្ជបណ្ឌិត យីម ហេងប៊ុន មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​មហារីក​ក្រពះ អាច​ទាក់ទង​ទៅ​នឹង​គ្រួស​ក្នុង​ថង់​ប្រមាត់ ការ​រលាក​លំពែង និង​រលាក​ថ្លើម។ លោក​វេជ្ជបណ្ឌិត​ផ្ដល់​ហេតុផល​ថា មូលហេតុ​ចម្បង​ធ្វើ​ឱ្យ​កើត​មហារីក​ក្រពះ គឺ​តំណ​ពូជ និង​ស្រា។
លោក​វេជ្ជបណ្ឌិត​បញ្ជាក់​បន្ថែម​ថា បារី និង​មេរោគ ក៏​មាន​ចំណែក​ធ្វើ​ឱ្យ​កើត​មហារីក​ក្រពះ​ដែរ៖ «ទាក់ទង​នឹង​ជំងឺ​មហារីក ដែល​ប្រុស​ច្រើន​ជាង​ស្ត្រី​ហ្នឹង មាន​ពីរ​ករណី​ធំៗ ហើយ​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត។ ដូច​ស្រុក​ខ្មែរ​យើង ទី១ ទាក់ទង​នឹង​កត្តា​ពី​កំណើត មួយ​ទៀត​ទាក់ទង​នឹង​កត្តា​រស់​នៅ។ បាន​ន័យ​ថា មនុស្ស​ប្រុស​យើង​ចូល​ចិត្ត​ស្រា​ច្រើន ដែល​យើង​ថា​ហូប​មិន​បាន​ត្រឹមត្រូវ។ កត្តា​២​ហ្នឹង​ហើយ ដែល​ធ្វើ​ឱ្យ​ប្រុស​មាន​ជំងឺ​មហារីក​ច្រើន​ជាង​ស្ត្រី»
ឯកសារ​ពេទ្យ​ឈ្មោះ មេយោ គ្លីនិក (Mayo Clinic) សរសេរ​ថា អាហារ​ប្រៃ​ខ្លាំង និង​អាហារ​ត្រាំ ឬ​ផ្អាប់ ក៏​ទាក់ទង​នឹង​មូលហេតុ​បង្ក​ឱ្យ​កើត​ជំងឺ​មហារីក​ក្រពះ​ដែរ។
ទាក់ទង​នឹង​រោគ​សញ្ញា និង​អាការ​នៃ​ជំងឺ​មហារីក​ក្រពះ លោក​បញ្ជាក់​ឱ្យ​ដឹង​ថា មាន​ស្រដៀង​នឹង​ជំងឺ​ក្រពះ​ដទៃ​មួយ​ចំនួន​ទៀត​ដែរ៖ «ទី​១ គឺ​ឈឺ​ពោះ ទី​២ ចុះ​ទម្ងន់ ទី​៣ អ្នក​ជំងឺ​ថា​ហូប​មិន​បាន គាត់​ឆ្អល់​ពោះ ទី​៤ គាត់​ក្អួត ទី​៥ គាត់​ណែន​លែង​ឃ្លាន​បាយ ទី​៦ គាត់​អាច​ជុះ​មក​ឈាម ទី​៧ គាត់​ស្លេកស្លាំង​ដោយ​សារ​បាត់បង់​ឈាម ទី​៨ គាត់​ហើម​ពោះ ទី​៩ គាត់​មាន​ដុំ​នៅ​ក្នុង​ពោះ»
ការ​ព្យាបាល៖
លោក​វេជ្ជបណ្ឌិត យីម ហេងប៊ុន ថ្លែង​ថា ការ​ព្យាបាល​មាន​លក្ខណៈ​ខុសៗ​គ្នា​ទៅ​តាម​ប្រភេទ​នៃ​បញ្ហា​របស់​ក្រពះ​នោះ។ ដូច្នេះ​ហើយ ទើប​មុន​នឹង​ការ​ព្យាបាល គ្រូពេទ្យ​ចាំបាច់​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​ថា តើ​បញ្ហា​នោះ​ជា​ការ​រលាក ឬ​ដំបៅ ឬ​ក៏​បណ្ដាល​មក​ពី​ជំងឺ​មហារីក។ លោក​ពន្យល់​ថា គ្រូពេទ្យ​នឹង​ត្រូវ​ថត​ឆ្លុះ​ដោយ​ការ​ស៊ក​ទុយយោ​ម៉ាស៊ីន​ថត​ទៅ​ក្នុង​ក្រពះ ឬ​ប្រើ​គ្រាប់​ម៉ាស៊ីន​ថត ប៉ុន​គ្រាប់​ថ្នាំ ឱ្យ​អ្នក​ជំងឺ​លេប​ចូល​ទៅ​ក្នុង​ក្រពះ នឹង​ពោះវៀន៖ «គេ​ឆ្លុះ​មើល​ពី​មាត់​ដល់​ក្រពះ គេ​បង្ហាញ​វីឌីអូ​យើង។ អា​នេះ​គេ​ហៅ​ថា​ឆ្លុះ​ក្រពះ​ធម្មតា។ ក៏​ប៉ុន្តែ បច្ចេកទេស​ឥឡូវ​វា​អាច​ជឿនលឿន​ជាង​ហ្នឹង​ទៀត គេ​អាច​ធ្វើ​ច្រើន​ជាង​ហ្នឹង។ ឥឡូវ មាន​ម៉ាស៊ីន​មួយ​ទៀត គេ​ស៊ក​ទុយយោ​ទៅ គេ​ធ្វើ​អេកូ។ បាន​ន័យ​ថា អេកូ ភ្ជាប់​ជាមួយ​នឹង​ទុយយោ​ស៊ក»
លោក​មាន​ប្រសាសន៍​ថា ការ​ព្យាបាល​ជំងឺ​មហារីក​ក្រពះ ក៏​ខុស​ប្លែក​គ្នា​ទៅ​តាម​ដំណាក់​កាល​វិវត្តន៍​នៃ​មហារីក​នេះ ដែល​មាន​៤​ដំណាក់​កាល។ ដំណាក់​កាល​ទី១ គឺ​ស្រាល និង​ដំណាក់​កាល​ទី៤ ជា​ដំណាក់​កាល​ធ្ងន់ធ្ងរ ដែល​ដុំ​មហារីក​ដុះ​លើស​ពី​ក្រពះ ហើយ​រាល​ដាល​ដល់​សរីរាង្គ​ផ្សេងៗ​ទៀត នៅ​ក្បែរ​ក្រពះ​នោះ។
លោក​វេជ្ជបណ្ឌិត យីម ហេងប៊ុន បន្ត​ថា ការ​ព្យាបាល​ជំងឺ​មហារីក​ក្រពះ​ដោយ​ជោគជ័យ ឬ​មិន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ច្រើន ឬ​តិច គឺ​អាស្រ័យ​ដោយ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ពិនិត្យ​វិភាគ​រោគ​ច្បាស់​លាស់ និង​ទាន់​ពេល​វេលា៖ «បើ​យើង​ធ្វើ​រោគ​វិនិច្ឆ័យ​ទាន់​ពេល​វេលា ការ​ព្យាបាល​ធ្វើ​ឱ្យ​យើង​រស់​បាន​៥​ទៅ​១០​ឆ្នាំ ឬ​ក៏​អាច​លើស​ពី​១០​ឆ្នាំ។ តែ​បើ​យើង​ទុក​ឱ្យ​មហារីក​ហ្នឹង​ដល់​ដំណាក់​កាល​ទី៤ តែ​បើ​ដល់​ដំណាក់​កាល​ទី៤ ហើយ បាន​យើង​ជួប​គ្រូពេទ្យ​ធ្វើ​ការ​ព្យាបាល គឺ​អត្រា​រស់​ហ្នឹង​តិច​ណាស់។ ដល់​ដំណាក់​កាល​ទី៤ ហ្នឹង អ្នក​ជំងឺ​រស់​មិន​បាន​ដល់​២​ឆ្នាំ​ទេ។ ដូច្នេះ បើ​ចង់​រស់​យូរ ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ឱ្យ​ទាន់​ពេល​វេលា។ ភាគ​រយ​ដែល​ជា​គឺ​នៅ​កម្រិត​ទី១ ទី២ ទី៣។ តែ​គ្រាន់​តែ​ថា បើ​ព្យាបាល​ទាន់​ពេល​វេលា​នៅ​ដំណាក់​កាល​ទី១ អត្រា​ជា​ច្រើន។ តែ​បើ​ដំណាក់​កាល​ទី៤ ហើយ អត្រា​ស្លាប់​ច្រើន»
ការ​ព្យាបាល​មាន​​ទាំង​ការ​វះកាត់ ការ​ដុត​ដោយ​កាំរស្មី និង​ការ​ប្រើ​ថ្នាំ​ប្រឆាំង​កោសិកា​មហារីក។
ការ​បង្ការ៖
ដើម្បី​បង្ការ​ពី​ការ​គ្រោះថ្នាក់​ពី​ជំងឺ​មហារីក​ក្រពះ គ្រូពេទ្យ​តែង​ណែនាំ​ថា អ្នក​ដែល​មាន​វ័យ​ចំណាស់​ចាប់​ពី​អាយុ​៤០ឆ្នាំ​ឡើង​ទៅ គប្បី​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​រក​ដុំ​មហារីក​នៅ​ក្នុង​ដំណាក់​កាល​ដំបូងៗ។ ចំណែក​លោក​វេជ្ជបណ្ឌិត យីម ហេងប៊ុន ក៏​ណែនាំ​ដូចគ្នា​នេះ​ដែរ៖ «បើ​យើង​មាន​ការ​ឈឺ​ពោះ​ជា​ប្រចាំ ហើយ​កាន់​តែ​ធ្ងន់​ទៅៗ កុំ​យឺត​ពេល គឺ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឱ្យ​បាន​ទាន់​ពេល​វេលា គ្រូ​ពេទ្យ​ក៏​ព្យាបាល​យើង​ទាន់​ពេល​ដែរ។ យើង​សុំ​ចាំ​ទាំង​អស់​គ្នា​ថា បើ​សិន​ជា​ព្យាបាល​ទាន់​ពេល​វេលា គឺ​អត្រា​ជា​ខ្ពស់ តែ​បើ​យើង​ទុក​កាន់​តែ​យូរ គឺ​អត្រា​ជា​កាន់​តែ​ទាប​រហូត​ដល់​គ្រោះថ្នាក់»
កត្តា​ដែល​នាំ​ឱ្យ​ប្រឈម​នឹង​ជំងឺ​មហារីក​ខ្លាំង គឺ​អ្នក​ដែល​ទទួល​ទាន​អាហារ​ឆ្អើរ​លើ​ផ្សែង​ខ្លាំង អាហារ​ប្រៃ​ខ្លាំង អ្នក​ដែល​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​តិច អ្នក​ដែល​ទទួល​ទាន​ដោយ​មេរោគ ជា​ពិសេស​មេរោគ​ផ្សិត អ្នក​ដែល​មាន​ផ្ទុក​មេរោគ អេលីកូបាក់ទែរ ពីឡូរី (Helicober Pylori) អ្នក​ដែល​មាន​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ ឬ​មាន​ដុះ​សាច់​ក្នុង​ក្រពះ និង​អ្នក​ជក់​បារី។
ជំងឺ​មហារីក​ខ្លះ គេ​មិន​បាន​ដឹង​អំពី​មូលហេតុ​ទេ ដូច្នេះ​ក៏​មិន​មាន​វិធានការ​បង្ការ​ជាក់លាក់​ណា​មួយ​ដែរ។ ក៏​ប៉ុន្តែ គ្រូពេទ្យ​ណែនាំ​ថា ត្រូវ​ចៀសវាង​ការ​ជក់​បារី។ ត្រូវ​ទទួលទាន​បន្លែ​ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន និង អាហារ​មាន​តុល្យភាព​ជីវជាតិ​ចិញ្ចឹម ទទួលទាន​ចំណី​អាហារ​ណា​ដែល​នាំ​ឱ្យ​មាន​សុខភាព តាម​គោលការណ៍​ហូប​ស្អាត ផឹក​ស្អាត និង​រស់​នៅ​ស្អាត។ ប្រសិន​បើ​មាន​ជំងឺ​ច្រាល​អាស៊ីដ​ពី​ក្រពះ ត្រូវ​ទទួល​ទាន​ថ្នាំ​សម្រាប់​ព្យាបាល៕


http://www.rfa.org/khmer/program/health/gastric_cancer-09132012044038.html

--
RFA Web Administrator

0 comments :

Post a Comment

Like Me on Facebook

Donation by PayPal

Blog Archive

Loading...