You are receiving this mail because someone read a page at
Radio Free Asia
and thought it might interest you.
It is sent by hengthona@yahoo.com with the following comment:
""
ដោយ ឡេង ម៉ាលី
2012-09-13
ជំងឺមហារីកក្រពះ ជាជំងឺមួយដែលគ្រូពេទ្យឱ្យដឹងថា កើតមានច្រើននៅទ្វីបអាស៊ី។ នៅប្រទេសកម្ពុជា ត្រូវបានគ្រូពេទ្យជំនាញផ្នែកប្រព័ន្ធរំលាយអាហារ វាយតម្លៃថា ពលរដ្ឋខ្មែរមានអត្រាជំងឺមហារីកក្រពះ ខ្ពស់ជាងប្រទេសជិតខាងខ្លួន។
គ្រូពេទ្យជំនាញឯកទេសខាងជំងឺក្រពះ ពោះវៀន និងថ្លើម នៃមន្ទីរពេទ្យម៉ោនអេលីហ្សាបែត ណូវីណា (Mount Elizabeth Novena) ប្រទេសសិង្ហបុរី លោកវេជ្ជបណ្ឌិត យីម ហេងប៊ុន (Dr. Yim Heng Bun) មានប្រសាសន៍ថា ជំងឺមហារីកក្រពះ គឺនិយាយសំដៅជាសំខាន់ទៅរកអាការៈដែលធ្វើឱ្យអ្នកជំងឺឈឺ ឬមិនស្រួលក្នុងពោះផ្នែកខាងលើ ត្រង់ម្ដុំចុងដង្ហើម ដែលជាទីតាំងរបស់ក្រពះ ហើយមានសភាពធ្ងន់ធ្ងរទៅៗ។
អាការៈនេះ គឺស្រដៀងគ្នាទៅនឹងអាការៈឈឺពោះទូទៅ ដែលបណ្ដាលមកពីបញ្ហាសរីរាង្គនៃប្រព័ន្ធរំលាយអាហារដទៃទៀតដែរ។ ក៏ប៉ុន្តែ សំខាន់ គឺនៅទីតាំងពោះផ្នែកខាងលើ។
លោកវេជ្ជបណ្ឌិត យីម ហេងប៊ុន ពន្យល់ថា បញ្ហាឈឺពោះផ្នែកខាងលើនេះ គឺមានកត្តាច្រើនយ៉ាង។ ប៉ុន្តែ ជាទូទៅ គឺជំងឺដំបៅក្រពះ ជំងឺច្រាលអាស៊ីដក្រពះ ហើយនិងមហារីកក្រពះ៖ «មួយទៀត ដែលយើងមិនសូវចាប់អារម្មណ៍ គឺថ្នាំ។ អ្នកជំងឺមួយចំនួនប្រើថ្នាំទៅ ថ្នាំនោះធ្វើឱ្យឈឺពោះ ដូចជា មេត្រូ (Metronidazole) ដែលយើងដឹងហើយ ដាក់ទៅឈឺពោះ។ ដូច្នេះ គាត់ត្អូញថា គាត់រលាកក្រពះហើយ។ ជួនកាលគាត់អត់ឈឺពោះ គឺគាត់ឈឺនៅសាច់ដុំពោះ»។
ក្រៅពីបញ្ហាទាំងនេះ ក៏មានបញ្ហាទាក់ទងនឹងពោះវៀន គ្រួសក្នុងថង់ប្រមាត់ និងបញ្ហាថ្លើម ហើយបញ្ហាក្រពះដែលធ្ងន់ធ្ងរមួយ គឺជំងឺមហារីកក្រពះ។
និយមន័យ៖
មហារីកក្រពះសំដៅទៅរកដុំដំបៅ ដែលកើតនៅនឹងជញ្ជាំងក្រពះខាងក្នុង។ អត្រាមហារីកក្រពះ នៅប្រទេសក្នុងទ្វីបអាស៊ី មានតួលេខខ្ពស់ខុសៗគ្នា ហើយប្រទេសជប៉ុន ត្រូវបានគេកត់ត្រាថា មានអត្រាខ្ពស់ជាងគេ។
លោកវេជ្ជបណ្ឌិត យីម ហេងប៊ុន បង្ហាញស្ថិតិថា ប្រទេសសិង្ហបុរី ជំងឺមហារីកក្រពះ ឈរក្នុងលំដាប់ទី៥ ក្នុងចំណោមជំងឺមហារីកចំនួន១០ របស់បុរស។ ម្យ៉ាងទៀត នៅគ្រប់ប្រទេសទាំងអស់ រួមទាំងប្រទេសកម្ពុជា ផង បុរសមានតួលេខជំងឺមហារីកក្រពះច្រើនជាងស្ត្រី។
មូលហេតុនៃមហារីកក្រពះ៖
លោកវេជ្ជបណ្ឌិត យីម ហេងប៊ុន មានប្រសាសន៍ថា មូលហេតុដែលបណ្ដាលឱ្យមានមហារីកក្រពះ អាចទាក់ទងទៅនឹងគ្រួសក្នុងថង់ប្រមាត់ ការរលាកលំពែង និងរលាកថ្លើម។ លោកវេជ្ជបណ្ឌិតផ្ដល់ហេតុផលថា មូលហេតុចម្បងធ្វើឱ្យកើតមហារីកក្រពះ គឺតំណពូជ និងស្រា។
លោកវេជ្ជបណ្ឌិតបញ្ជាក់បន្ថែមថា បារី និងមេរោគ ក៏មានចំណែកធ្វើឱ្យកើតមហារីកក្រពះដែរ៖ «ទាក់ទងនឹងជំងឺមហារីក ដែលប្រុសច្រើនជាងស្ត្រីហ្នឹង មានពីរករណីធំៗ ហើយខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត។ ដូចស្រុកខ្មែរយើង ទី១ ទាក់ទងនឹងកត្តាពីកំណើត មួយទៀតទាក់ទងនឹងកត្តារស់នៅ។ បានន័យថា មនុស្សប្រុសយើងចូលចិត្តស្រាច្រើន ដែលយើងថាហូបមិនបានត្រឹមត្រូវ។ កត្តា២ហ្នឹងហើយ ដែលធ្វើឱ្យប្រុសមានជំងឺមហារីកច្រើនជាងស្ត្រី»។
ឯកសារពេទ្យឈ្មោះ មេយោ គ្លីនិក (Mayo Clinic) សរសេរថា អាហារប្រៃខ្លាំង និងអាហារត្រាំ ឬផ្អាប់ ក៏ទាក់ទងនឹងមូលហេតុបង្កឱ្យកើតជំងឺមហារីកក្រពះដែរ។
ទាក់ទងនឹងរោគសញ្ញា និងអាការនៃជំងឺមហារីកក្រពះ លោកបញ្ជាក់ឱ្យដឹងថា មានស្រដៀងនឹងជំងឺក្រពះដទៃមួយចំនួនទៀតដែរ៖ «ទី១ គឺឈឺពោះ ទី២ ចុះទម្ងន់ ទី៣ អ្នកជំងឺថាហូបមិនបាន គាត់ឆ្អល់ពោះ ទី៤ គាត់ក្អួត ទី៥ គាត់ណែនលែងឃ្លានបាយ ទី៦ គាត់អាចជុះមកឈាម ទី៧ គាត់ស្លេកស្លាំងដោយសារបាត់បង់ឈាម ទី៨ គាត់ហើមពោះ ទី៩ គាត់មានដុំនៅក្នុងពោះ»។
ការព្យាបាល៖
លោកវេជ្ជបណ្ឌិត យីម ហេងប៊ុន ថ្លែងថា ការព្យាបាលមានលក្ខណៈខុសៗគ្នាទៅតាមប្រភេទនៃបញ្ហារបស់ក្រពះនោះ។ ដូច្នេះហើយ ទើបមុននឹងការព្យាបាល គ្រូពេទ្យចាំបាច់ត្រូវពិនិត្យឱ្យបានច្បាស់លាស់ថា តើបញ្ហានោះជាការរលាក ឬដំបៅ ឬក៏បណ្ដាលមកពីជំងឺមហារីក។ លោកពន្យល់ថា គ្រូពេទ្យនឹងត្រូវថតឆ្លុះដោយការស៊កទុយយោម៉ាស៊ីនថតទៅក្នុងក្រពះ ឬប្រើគ្រាប់ម៉ាស៊ីនថត ប៉ុនគ្រាប់ថ្នាំ ឱ្យអ្នកជំងឺលេបចូលទៅក្នុងក្រពះ នឹងពោះវៀន៖ «គេឆ្លុះមើលពីមាត់ដល់ក្រពះ គេបង្ហាញវីឌីអូយើង។ អានេះគេហៅថាឆ្លុះក្រពះធម្មតា។ ក៏ប៉ុន្តែ បច្ចេកទេសឥឡូវវាអាចជឿនលឿនជាងហ្នឹងទៀត គេអាចធ្វើច្រើនជាងហ្នឹង។ ឥឡូវ មានម៉ាស៊ីនមួយទៀត គេស៊កទុយយោទៅ គេធ្វើអេកូ។ បានន័យថា អេកូ ភ្ជាប់ជាមួយនឹងទុយយោស៊ក»។
លោកមានប្រសាសន៍ថា ការព្យាបាលជំងឺមហារីកក្រពះ ក៏ខុសប្លែកគ្នាទៅតាមដំណាក់កាលវិវត្តន៍នៃមហារីកនេះ ដែលមាន៤ដំណាក់កាល។ ដំណាក់កាលទី១ គឺស្រាល និងដំណាក់កាលទី៤ ជាដំណាក់កាលធ្ងន់ធ្ងរ ដែលដុំមហារីកដុះលើសពីក្រពះ ហើយរាលដាលដល់សរីរាង្គផ្សេងៗទៀត នៅក្បែរក្រពះនោះ។
លោកវេជ្ជបណ្ឌិត យីម ហេងប៊ុន បន្តថា ការព្យាបាលជំងឺមហារីកក្រពះដោយជោគជ័យ ឬមិនជោគជ័យ និងមានប្រសិទ្ធភាពច្រើន ឬតិច គឺអាស្រ័យដោយការធ្វើរោគវិនិច្ឆ័យ ឬពិនិត្យវិភាគរោគច្បាស់លាស់ និងទាន់ពេលវេលា៖ «បើយើងធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា ការព្យាបាលធ្វើឱ្យយើងរស់បាន៥ទៅ១០ឆ្នាំ ឬក៏អាចលើសពី១០ឆ្នាំ។ តែបើយើងទុកឱ្យមហារីកហ្នឹងដល់ដំណាក់កាលទី៤ តែបើដល់ដំណាក់កាលទី៤ ហើយ បានយើងជួបគ្រូពេទ្យធ្វើការព្យាបាល គឺអត្រារស់ហ្នឹងតិចណាស់។ ដល់ដំណាក់កាលទី៤ ហ្នឹង អ្នកជំងឺរស់មិនបានដល់២ឆ្នាំទេ។ ដូច្នេះ បើចង់រស់យូរ ត្រូវធ្វើរោគវិនិច្ឆ័យឱ្យទាន់ពេលវេលា។ ភាគរយដែលជាគឺនៅកម្រិតទី១ ទី២ ទី៣។ តែគ្រាន់តែថា បើព្យាបាលទាន់ពេលវេលានៅដំណាក់កាលទី១ អត្រាជាច្រើន។ តែបើដំណាក់កាលទី៤ ហើយ អត្រាស្លាប់ច្រើន»។
ការព្យាបាលមានទាំងការវះកាត់ ការដុតដោយកាំរស្មី និងការប្រើថ្នាំប្រឆាំងកោសិកាមហារីក។
ការបង្ការ៖
ដើម្បីបង្ការពីការគ្រោះថ្នាក់ពីជំងឺមហារីកក្រពះ គ្រូពេទ្យតែងណែនាំថា អ្នកដែលមានវ័យចំណាស់ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ គប្បីទៅឱ្យគ្រូពេទ្យពិនិត្យរកដុំមហារីកនៅក្នុងដំណាក់កាលដំបូងៗ។ ចំណែកលោកវេជ្ជបណ្ឌិត យីម ហេងប៊ុន ក៏ណែនាំដូចគ្នានេះដែរ៖ «បើយើងមានការឈឺពោះជាប្រចាំ ហើយកាន់តែធ្ងន់ទៅៗ កុំយឺតពេល គឺត្រូវទៅជួបគ្រូពេទ្យឱ្យបានទាន់ពេលវេលា គ្រូពេទ្យក៏ព្យាបាលយើងទាន់ពេលដែរ។ យើងសុំចាំទាំងអស់គ្នាថា បើសិនជាព្យាបាលទាន់ពេលវេលា គឺអត្រាជាខ្ពស់ តែបើយើងទុកកាន់តែយូរ គឺអត្រាជាកាន់តែទាបរហូតដល់គ្រោះថ្នាក់»។
កត្តាដែលនាំឱ្យប្រឈមនឹងជំងឺមហារីកខ្លាំង គឺអ្នកដែលទទួលទានអាហារឆ្អើរលើផ្សែងខ្លាំង អាហារប្រៃខ្លាំង អ្នកដែលទទួលទានបន្លែផ្លែឈើតិច អ្នកដែលទទួលទានដោយមេរោគ ជាពិសេសមេរោគផ្សិត អ្នកដែលមានផ្ទុកមេរោគ អេលីកូបាក់ទែរ ពីឡូរី (Helicober Pylori) អ្នកដែលមានជំងឺរលាកក្រពះរ៉ាំរ៉ៃ ឬមានដុះសាច់ក្នុងក្រពះ និងអ្នកជក់បារី។
ជំងឺមហារីកខ្លះ គេមិនបានដឹងអំពីមូលហេតុទេ ដូច្នេះក៏មិនមានវិធានការបង្ការជាក់លាក់ណាមួយដែរ។ ក៏ប៉ុន្តែ គ្រូពេទ្យណែនាំថា ត្រូវចៀសវាងការជក់បារី។ ត្រូវទទួលទានបន្លែផ្លែឈើឱ្យបានច្រើន និង អាហារមានតុល្យភាពជីវជាតិចិញ្ចឹម ទទួលទានចំណីអាហារណាដែលនាំឱ្យមានសុខភាព តាមគោលការណ៍ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ប្រសិនបើមានជំងឺច្រាលអាស៊ីដពីក្រពះ ត្រូវទទួលទានថ្នាំសម្រាប់ព្យាបាល៕
http://www.rfa.org/khmer/program/health/gastric_cancer-09132012044038.html
--
RFA Web Administrator
0 comments :
Post a Comment