Follow Us on Facebook

វចនានុក្រមខ្មែរ​
Khmer Dictionaries

Follow us on Twitter

Search More Information

Tuesday, December 29, 2015

Cambodia Health Reform Strategy

Analyzed by Dr. Kem Ley

ព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកំពូលៗគួរៀនប្រើប្រាស់សេវាសុខភាពក្នុងស្រុក ទើបមានឱកាសក្នុងការរួមគ្នាកែលំអរគុណភាពសេវាសុខាភិបាលទាំងអស់គ្នា។

ខ្ញុំបាទ និងក្រុមគ្រួសារសុខចិត្តប្រើប្រាស់សេវាសុខាភិបាល ក្នុងស្រុកបើទោះជាគុណភាពនៅទាបក៏ដោយ។

ខាងក្រោមជាអនុសាសន៏ខ្លះៗក្នុងការចូលរួមធ្វើបដិវត្តន៏វិស័យសុខាភិបាល។

របៀបរបបគ្រប់គ្រងពីលើចុះក្រោម(មិនវិមជ្ឈការការងារសម្រេចចិត្ត និងថវិកា) និងការរឹតត្បិតក្នុងការចូលរួមរបស់អង្គការសង្គមស៊ីវិល ផ្នែកឯកជន បណ្តាញសហគមន៍ ក៏ជាបញ្ហាគន្លឹះដែលត្រូវដោះស្រាយ។ ខាងក្រោមនេះជាយុទ្ធសាស្រ្តថ្មីដែលចេញពីការវិភាគនិងការតាមដានវិស័យសុខាភិបាលគ្រប់ជ្រុងជ្រោយ៖

យុទ្ធសាស្ត្រទី១. ពង្រីកសហគ្រាស់សុខាភិបាលសាធារណ
វិមជ្ឈការមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនឲ្យទៅជាស្ថាប័នរដ្ឋបាលសាធារណ ឬពាក់កណ្តាលស្វ័យភាពនៃដំណើរការគ្រប់គ្រង ចាត់ចែងនិងអនុវត្ត។ គោលការកំណត់អត្តសញ្ញាណភាពក្រីក្រ ត្រូវវិមជ្ឈការឲ្យភាគីទី៣ទាំងស្រុក។

យុទ្ធសាស្ត្រទី២. ផ្លាស់ប្តូរបទពិសោធន៏ និងកែលំអរគុណភាព
បង្កើនការកែលំអគុណភាពមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពដោយចម្លង និងរៀនសូត្រពីមន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង (គោលការណ៍ ប្រាក់បៀវត្សរ៍ វិន័យ ប្រូតូកូល (ពិធីការ) ថ្នាំនិងរបៀបគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព)។

យុទ្ធសាស្ត្រទី៣. បង្កើនប្រាក់បៀវត្ស និងការលើកទឹកចិត្ត
រៀបចំប្រាក់បៀវត្សរ៍ដោយផ្តល់ប្រាក់ខែអប្បបរមា៥០០$ ដល់មន្រ្តីពេទ្យថ្នាក់ទាបបំផុត ក៏ដូចជាមន្ត្រីរាជការទូទៅ (សូមមើលកំណែទំរង់ប្រាក់បៀវត្សរ៍)។

យុទ្ធសាស្ត្រទី៤. ពង្រីកការធានារាប់រងសុខភាពជាលក្ខណជាតិ
ពង្រឹង និងពង្រីកកម្មវិធីធានារ៉ាប់រងសុខភាពសហគមន៍ទូទាំងប្រទេស ដោយសហការជាមួយភាគីយ៉ាងតិចបួនភាគី (រដ្ឋ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន)។

យុទ្ធសាស្រ្តទី៥. វិមជ្ឈការសេវាសុខាភិបាលសហគមន៏ដាច់ស្រយាល
ពង្រីក និងលើកទឹកចិត្តមន្ទីរពេទ្យឯកជននៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជនបទ ជាពិសេសតំបន់ដាច់ស្រយាលឲ្យមានសិទ្ធិពេញលេញក្នុងការដំណើរការសេវារបស់ខ្លួន។ ភ្នាក់ងាររដ្ឋរៀបចំកិច្ចសន្យាពិសេសជាមួយគ្លីនិកឯកជនក្នុងការផ្តល់សេវាដល់ពលរដ្ឋនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល។

យុទ្ធសាស្រ្តទី៦. ពង្រឹងគុណភាពកម្មវិធីជាតិដែលមានការចូលរួមពីអង្គការសង្គមស៊ីវិល
បង្កើនភាពជាដៃគូជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិល និងផ្តល់ថវិកាជាតិដល់អង្គការសង្គមស៊ីវិលក្នុងដំណើរការគ្លីនិក និងកម្មវិធីជាតិនានាដែលរដ្ឋមិនអាចបំពេញបាន។

យុទ្ធសាស្ត្រទី៧.វិមជ្ឈការសេវាសុខាភិបាល
វិមជ្ឈការឲ្យអង្គការសង្គមស៊ីវិល និងស្ថាប័នឯកជនដេញថ្លៃយកសេវាចាក់ថ្នាំថ្នាំបង្ការ និងកម្មវិធីជាតិចាំបាច់មួយចំនួន។ ភ្នាក់ងាររដ្ឋមានតួនាទីអភិបាលកិច្ចតាមបែបចូលរួមនូវដំណើរការផ្តល់សេវាកម្មវិធីជាតិទាំងនោះ។

យុទ្ធសាស្រ្តទី៨. ពង្រឹងការអនុវត្តស្តង់ដាសេវាសុខាភិបាល
រៀបចំស្តង់ដារសេវាសុខភាពដោយយកគំរូតាមប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន និងដាក់ឲ្យអនុវត្តចំពោះមន្ទីរពេទ្យរដ្ឋ និងឯកជន។

យុទ្ធសាស្រ្តទី៩. ពង្រឹងការគ្រប់គ្រងគ្រឹះស្ថានសុខាភិបាលពីភាគីពាក់ព័ន្ធ
ពង្រឹងការចូលរួមរបស់សហគមន៍ តាមរយៈពង្រីកសមាសភាពពីអង្គការសង្គមស៊ីវិល និងសមាជិកសហគមន៍ក្នុងយន្តការគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព គណៈកម្មការគ្រប់គ្រងមន្ទីរពេទ្យបង្អែក។ វិនិយោគបន្ថែមទាំងសមត្ថភាព សេចក្តីសម្រេចចិត្តនិងធនធានថវិការដ្ឋ ដើម្បីឲ្យដំណើរការ។ ជំរុញឲ្យអនុវត្តទាំងស្រុងនូវឧបករណ៍គណនេយ្យភាពសង្គមដូចជា (Citizen Report Card-CRC, Community Score Card=CSC, Social Audit=SA, Social Budgeting-SB etc.)។

យុទ្ធសាស្ត្រទី១០. ពង្រីកការធានារាប់រងសុខភាពសហគមន៏និងមូលនិធិសមធម៌
រៀបចំ និងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ធានារ៉ាប់រងសុខភាព សម្រាប់ពលករធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ។ ពង្រឹងការសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងស្តង់ដារដោយមានភាគីយ៉ាងតិចបួន (ស្ថាប័នរដ្ឋ ស្ថាប័នអង្គសង្គមស៊ីវិល ក្រុមហ៊ុនដែលកម្មករធ្វើការ និងកម្មករខ្លួនឯង)។គ្រប់ស្ថាប័នមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកត្រូវមានភាគីទីបីគឺអង្គការសង្គមស៊ីវិល និងផ្នែកឯកជនគ្រប់គ្រងមូលនិធិសមធម៌សម្រាប់អ្នកក្រីក្រនិងគ្រួសាររងគ្រោះក្នុងនាមជាភាគីទី៣.

យុទ្ធសាស្ត្រទី១១. បង្កើនការគ្រប់គ្រងតម្លៃសេវាសុខាភិបាល
បង្កើតក្រុមតំណាងប្រជាពលរដ្ឋដើម្បីកំណត់តម្លៃសេវាសុខភាព អភិបាលកិច្ចល្អ តាមដាន និងវាយតម្លៃលើសេវាសុខាភិបាលទូទៅ។

យុទ្ធសាស្ត្រទី១២. ពង្រឹងការចូលរួមសកម្មរបស់ពលរដ្ឋ
រៀបចំយន្តការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន គណៈគ្រប់គ្រងមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមរយៈការចូលរួមរបស់បុគ្គលិកស្ថាប័ននោះផ្ទាល់។ លុបបំផុតចោលទាំងស្រុងនូវការតែងតាំងប្រធាន អនុប្រធានតាមរយៈមេនយោបាយ ឬថ្នាក់លើ។

យុទ្ធសាស្ត្រទី១៣. ពង្រឹងវិជ្ជាជីវៈសុខាភិបាល
ពង្រឹងការអនុវត្តជាក់ស្តែងនូវគោលនយោបាយដាក់ទណ្ឌកម្មដល់បុគ្គលិកប្រព្រឹត្តខុសពីក្រមសីលធម៌វិជ្ជាជីវៈ និងគោលនយោបាយនៃការចូលរួមពេញលេញពីប្រជាពលរដ្ឋ តំណាងប្រជាពលរដ្ឋ ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលក្នុងកិច្ចការអភិបាលកិច្ចល្អ។

យុទ្ធសាស្ត្រទី១៤. ពង្រឹងយន្តការសម្របសម្រួលរវាងផ្នែកឯកជន អង្គការសង្គមស៊ីវិល និងរដ្ឋ
ពង្រឹងយន្តការក្រុមការងារសុខភាពថ្នាក់ជាតិ (Institutionalized TWGH with clear procedures and decision making) និងថ្នាក់ក្រោមជាតិតាមរយៈកូតា (ភាគបែង) ស្មើភាពរវាងសមាជិកនៃតំណាងស្ថាប័នរដ្ឋ តំណាងអង្គការសង្គមស៊ីវិល តំណាងជនរងគ្រោះ តំណាងផ្នែកឯកជន និងតំណាងដៃគូពាក់ព័ន្ធនានា។

យុទ្ធសាស្ត្រទី១៥. ពង្រីកនិងពង្រឹងការអប់រំសុខភាពបឋម
ពង្រីកកម្មវិធីអប់រំសុខភាពបឋមតាមរយៈវិមជ្ឈការឲ្យអង្គការសង្គមស៊ីវិល បណ្តាញសហគមន៍ ផ្នែកឯកជន និងបញ្ចូលក្នុងផែនការអភិវឌ្ឍនិងផែនការវិនិយោគឃុំ/សង្កាត់។ យុទ្ធនាការអប់រំសុខភាព និងសុខភាពបន្តពូជ ត្រូវជំរុញតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា។

យុទ្ធសាស្រ្តទី១៦. ពង្រឹងការសិក្សាស្រាវជ្រាវ
ពង្រឹង និងពង្រីកការសិក្សាស្រាវជ្រាវតាមបែបចូលរួម និងតាមលក្ខណៈវិទ្យាសាស្ត្រដោយមានការសហការជាមួយស្ថាប័ននានាដូចជា វិទ្យាស្ថានជាតិស្ថិតិរបស់ក្រសួងផែនការ ស្ថាប័នស្រាវជ្រាវអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ស្ថាប័នស្រាវជ្រាវឯកជន ស្ថាប័នស្រាវជ្រាវតាមសកលវិទ្យាល័យ និងអ្នកស្រាវជ្រាវឯករាជ្យនានា៕

យុទ្ធសាស្រ្តទី១៦. ពង្រឹងគុណភាពវិធីសាស្រ្តកំណត់គ្រួសារក្រីក្រ និងពង្រីកការប្រើប្រាស់ប័ណ្ណក្រីក្រ
ការសិក្សាកំណត់អត្តសញ្ញាណភាពក្រីក្រមានការចូលរួមពេញលេញពីស្ថាប័នស្រាវជ្រាវ ផ្នែកឯកជន និងអង្គការសង្គមស៊ីវិល។ប័ណ្ណសមធម៌គួត្រូវបានប្រើប្រាស់គ្រប់ផ្នែក ទាំងសេវាសេដ្ឋកិច្ច សង្គមកិច្ច និងសេវាកម្មនានា។


Cambodia Health Reform Strategy, Cambodia Health Reform Strategy​ Recommendations, Health Reform, Reform Strategy, The need for reform, Cambodia,យុទ្ធសាស្រ្តកំណែរទំរង់ប្រពន្ធ័សុខាភិបាល នៅកម្ពុជា

0 comments :

Post a Comment

Like Me on Facebook

Donation by PayPal

Thoinfo

Blog Archive